រឿង​ចៅ​សុក្រ និង​ចៅ​សៅរ៍

រឿង​ចៅ​សុក្រ និង​ចៅ​សៅរ៍

  • កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា មួយ​ឈ្មោះ​ចៅ​សុក្រ មួយ​ឈ្មោះ​ចៅ​សៅរ៍ បាន​បួស​នៅ​វត្ត​ជា​មួយ​គ្នា ។ បួស​យូរ​បន្តិច​ទៅ ក៏​សឹក​មក​វិញ សឹក​មក​ហើយ​ក៏​ជា​សម្លាញ់​នឹង​គ្នា​ទៀត សន្យា​នឹង​គ្នា​ថា« បើ​នរណា​ក្រ​ ត្រូវ​ជួយ​គ្នា » ហើយ​បុរស​ទាំងពីរ​នាក់​ក៏​មាន​ប្រពន្ធ​កូន​ នៅ​រក​ស៊ី​ទីទៃ​ពី​គ្នា ។ ចៅ​សុក្រ​រក​ស៊ី​ទៅ​មាន​ទ្រព្យ​របស់​ច្រើន ។ ឯ​ចៅ​សៅរ៍​ល្ងង់​ខ្លៅ​ក្រ​លំបាក ហើយ​ប្រពន្ធ​ក៏​មាន​សហាយ​ផង ។ ចៅ​សុក្រ​ដឹង​ថា ប្រពន្ធ​ចៅ​សៅរ៍​មាន​សហាយ ហើយ​ក្រ​លំបាក​ដូច្នោះ ក៏​ទៅ​សួរ​ចៅ​សៅរ៍, ទៅ​ដល់​ឃើញ​ចៅ​សៅរ៍​ក្រ​លំបាក​ណាស់​មែន ក៏​បបួល​ចៅ​សៅរ៍​ទៅ​រក​ស៊ី ហើយ​និយាយ​ថា «ត្រូវ​ឯង​តាម​ពាក្យ​អញ » ។ ចៅ​សៅរ៍​ក៏​ព្រម​តាម​ពាក្យ​ចៅ​សុក្រ ។ ចៅ​សុក្រ​បបួល​ចៅ​សៅរ៍​ទៅ​កាប់​ឈើ ធ្វើ​ក្ដារ​មឈូស​លក់ ។ ចៅ​សៅរ៍​តាម​ពាក្យ​ចៅ​សុក្រ ក៏​ព្រម​ទៅ​ជា​មួយ​គ្នា ។ ឯ​កូន​សេដ្ឋី​ដែល​សហាយ​នឹង​នាង​ប៉ិច​ឮ ជា​ប្រពន្ធ​ចៅ​សៅរ៍​ ឃើញ​ចៅ​សៅរ៍​មិន​នៅ​ផ្ទះ ក៏​ទៅ​ដេក​នឹង​ប្រពន្ធ​ចៅ​សៅរ៍ រួច​ហើយ​វិល​ទៅ​ផ្ទះ​វិញ ។ ចៅ​សុក្រ​និង​ចៅ​សៅរ៍​ធ្វើ​ក្ដារ​មឈូស​បាន​មួយ ក៏​យក​មក​ដាក់​ក្នុង​ផ្ទះ ហើយ​ទៅ​ធ្វើ​ក្ដារ​មឈូស​ទៀត ។ កូន​សេដ្ឋី​ក៏​ទៅ​ដេក​នឹង​នាង​ប៉ិច​ទៀត ។ ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ចៅ​សុក្រ​និង​ចៅ​សៅរ៍​មក​ផ្ទះ​វិញ ។ ចៅ​សុក្រ​ខំ​ដើរ​ប្រញាប់​មក​មុន ស្រែក​ហៅ​ប្រពន្ធ​ចៅ​សៅរ៍​ឲ្យ​បើក​ទ្វារ ។ ឯ​កូន​សេដ្ឋី​ក៏​ភិតភ័យ​រត់​ពុំ​រួច នាង​ប៉ិច​ប្រាប់​សហាយ​ឲ្យ​ចូល​ដេក​ក្នុង​ក្ដារ​មឈូស​ ហើយ​ទៅ​បើក​ទ្វារ ឲ្យ​ចៅ​សុក្រ​ចៅ​សៅរ៍​ចូល​ទៅ​ក្នុង​ផ្ទះ ។ នាង​ប៉ិច​សួរ​ថា «ដូចម្ដេច​ក៏​បាន​ជា​វិល​មក​វិញ ? ចៅ​សៅរ៍​ប្រាប់​ថា « ចៅ​សុក្រ ឈឺ​ក្បាល​ហៅ​វិល​មក​វិញ » ហើយ​ចៅ​សៅរ៍​ប្រាប់​ទៅ​នាង​ប៉ិច​ឲ្យ​ដណ្ដាំ​បាយ​ស៊ី, ស៊ី​បាយ​រួច​ហើយ ដោយ​ចៅ​សុក្រ​ដឹង​ថា សហាយ​នាង​ដេក​នៅ​ក្នុង​ក្ដារ​មឈូស ក៏​ប្រាប់​ទៅ​ចៅ​សៅរ៍​ថា « រក​ផ្ដៅ​មក​ចង​ក្ដារ​មឈូស​ទុក​ក្រែង​ចោរ​លួច » ។ ចៅ​សៅរ៍ ក៏​យក​ផ្ដៅ​ទៅ​ចង​រួច​ស្រេច ហើយ​យក​ដែក​គោល​បោះ​ថែម​ទៀត ។ ឯ​ចៅ​សៅរ៍​ពុំ​ដឹង​ជា​ប្រពន្ធ​មាន​សហាយ ក៏​ធ្វើ​តាម​ពាក្យ​ចៅ​សុក្រ​បង្គាប់ ។ លុះ​ព្រឹក​ឡើង​ចៅ​សៅរ៍ ប្រើ​នាង​ប៉ិច​ជា​ប្រពន្ធ​ឲ្យ​ទៅ​ទិញ​អីវ៉ាន់, នាង​ប៉ិច​ក៏​ហួស​ទៅ​ប្រាប់​សេដ្ឋី​ថា «ឲ្យ​សេដ្ឋី​ចាំ​ទិញ​មឈូស ត្បិត​កូន​សេដ្ឋី ទៅ​ដេក​នឹង​ខ្ញុំ ប្ដី​ខ្ញុំ​មក​ទាន់ បាន​រត់​ចូល​ដេក​ក្នុង​មឈូស, ឥឡូវ​នេះ​ប្ដី​ខ្ញុំ​សែង​យក​មក​ដល់​ព្រឹក​នេះ​ហើយ»។ ប្រាប់​ហើយ​នាង​ប៉ិច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ចៅ​សុក្រ និង​ចៅ​សៅរ៍ ស៊ី​បាយ​រួច ក៏​សែង​មឈូស​យក​ទៅ​លក់ ។ សេដ្ឋី​ឲ្យ​ខ្ញុំ​មួយ​នាក់​ចាំ​មើល​ផ្លូវ ផ្ដាំ​ថា «បើ​ឃើញ​អ្នកណា​សែង​ក្ដារ​មឈូស​មក​ដល់ ឲ្យ​រត់​ទៅ​ហៅ​យើង » ។ ចៅ​សុក្រ និង​ចៅ​សៅរ៍ សែង​ក្ដារ​មឈូស​មក​ដល់​ផ្ទះ​សេដ្ឋី ស្រែក​ពពាយនាយ​ថា «អ្នក​ណា​ទិញ​ក្ដារ​មឈូស​ទេ » ។ សេដ្ឋី​ឮ​សួរ​ថា «លក់​តម្លៃ​ប៉ុន្មាន ? ចៅ​សុក្រ​ប្រាប់​ថា «ឲ្យ​ចាក់​ប្រាក់​ពី​ដី​ឡើង ស្មើ​នឹង​មឈូស » ។ សេដ្ឋី​សុំ​ត​ថ្លៃ ក៏​ចៅ​សុក្រ​មិន​ព្រម ។ សេដ្ឋី​ក៏​ប្រើ​ខ្ញុំ​កំដរ​ឲ្យ​យក​ប្រាក់​មក​ចាក់ ស្មើ​នឹង​មឈូស ហើយ​ចៅ​សុក្រ និង​ចៅ​សៅរ៍​យក​ប្រាក់​ទៅ​ចែក​គ្នា ។ សេដ្ឋី​គាស់​មឈូស​យក​កូន​ចេញ ។ ក្រោយ​មក​ចៅ​សៅរ៍ យក​នាង​ប៉ិច​ជា​ប្រពន្ធ​ដូច​ដែល​វិញ ។

អូស​ទូក​មិន​ឲ្យ​ល្អាន ចាប់​ត្រី​បាន មិន​ឲ្យ​ល្អក់​ទឹក

Post a Comment

أحدث أقدم