តើដើមកំណើតជាតិខ្មែរមកពីណា?

បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពីអរិយធម៌ ឬពីប្រវត្ដិ​សាស្រ្ដ​ខ្មែរ​។ យ៉ាង​ណា​មិញ​ ជាតិ ឬ​ពូជ​អម្បូរ ជា​មូល​ធម៌​មួយ​យ៉ាង​សំខាន់​ ជួយបំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះ​ខ្មែរ​យើង ការ​យល់​​មិន​ច្បាស់​ពី​អត្ដ​សញ្ញាណ Identité នេះ​ហើយ​ជា​ហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូតទាញភ្ជាប់ជាតិខ្មែរ​ទៅ​នឹង​ជាតិ​ណា​មួយ​ដែល​ គេ​យល់​ថា​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ជាង​ខ្មែរ។ ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញយោបល់ ឬ​សម្ម​តិ​កម្ម​ប្លែក​គ្នា ហើយ​ជួន​កាល​ក៏​ផ្ទុយ​គ្នា​ស្រលះ​តែ​ម្ដង​។ ប៉ុន្ដែយើងអាចប្រមូលយោបល់ ឬសម្មតិកម្មទាំងនោះបានបីប្រភេទ៖
  • យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬក៏ថា ខ្មែរនិងឥណ្ឌាជាជាតិតែមួយ។ ទស្សនៈបែបនេះលោកឧកញ៉ាឈឹម ក្រសេម បាន​បញ្ជាក់​យ៉ាង​ ពិស្ដារ​ក្នុង​សៀវ​ភៅ ពង្សាវ​តារ​ខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ គ.ស.១៩៧១។ លោក បានសរសេរថា «តាមដែលបាន​ស្រាវ​ជ្រាវ តាម​ផ្លូវ​ប្រវត្ដិ​សាស្រ្ដ​មក​ហើយ ប្រាកដ​ថា​ក្នុង​ដែន​ឥណ្ឌា​ភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាង​កណ្ដាល​នៃ​ប្រទេស​ទាំង​នោះ គឺ​ត្រង់​ដែល​ហៅ​ថា ទក្ខិ​ណា​បថ ឬ​ទក្សិ​នាទ្ធិគោល មានប្រទេសមួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជន​កុះ​ករ​ច្រើន​ ខ្មែរ យើង​ដើម​ឡើយ​មុន​ដែល​ផ្សាយ​មក​នៅ​ក្នុង​កម្ពុជ​រដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ​ ប្រទេសរបស់ខ្មែរពីបុរាណ កាលមក។ ឈ្មោះ​ជាតិ​ ខ្មែរ​ហៅ​ត្រឹម​ត្រូវ​តាម​សូរ​សព្ទ​ដើម​ថា កុមេរុ ដូច្នេះ តែ​តាម​សម្លេង​និយាយ​ធម្មតាថា កុមេរុ ទំនងដូចឈ្មោះភ្នំសុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ​។ លុះ​យូរ​មក​ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត​ប្រាកដ នៅ​សិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសម្លេងផ្សំក្រោយសម័យ​សិលា​ចារឹក​មក​ បាន​ប្រែថា «ខ្មែរ»។ ..តាំងពី ក្រោយពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយមកក្នុងដែនសុវណ្ណភូមិ។ ..ពួក​ខ្លះ​មក​ ដោយ​ក្នុង​ប៉ង​ដើម្បី​រក​ស៊ី​លក់​ដូរ​តាម​ធម្មតា ពួក​ខ្លះ​មក​ដោយ​រត់ពី​សឹក​។ អ្នកដែលនាំអរិយធម៌ឥណ្ឌាមកផ្សាយក្នុង ដែន​ដី​ឱ្យនេះ គឺ​ខ្មែរ​ អា​ស្រ័យ​ជាតិ​ខ្មែរ​ជា​អ្នក​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ទាំង​មាន​ឥទ្ធិពល ទើប​អាច​ផ្សាយ​អរិយធម៌ របស់ខ្លួនទៅលើជាតិទាំងឡាយដែល​នៅ​ក្រោម​អំណាច​ និង​ជាតិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ខាង​ទៀត​ផង ដោយ​ហេតុ នេះ​ទើប​មានឆាយាថា «ខ្មែរជាឥណ្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែល​ថា «ខ្មែរ​ផ្សាយ​ មក​​ពី​​ឥណ្ឌា» ដូច្នេះ តើ​មាន​ អ្វី​ខ្លះ​ជា​សំអាង តប​ថា ក្រៅ​ពី​ជាតិ និង​ឈ្មោះ​ប្រទេស​ដូច​ពោល​ហើយនៅមានភស្ដុតាងយ៉ាងដទៃ​ទៀត​ជា​ច្រើន យ៉ាង​សំអាង​គឺ៖ ក. លក្ខណអក្សរ និងភាសា ខ. លទ្ធិប្រពៃណី និងសាសនា គ. ពង្សាវតារ និងសេចក្ដីកត់ហេតុ ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់​ស្រុក​ដើម បាន​រួម​គ្នា​ទៅ​ជា​ជាតិ​មួយ​ហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរក្នុងជ៉នាន់ដើម​រូប​រាង​ច្រើន​ស្រុង​ៗ ច្រមុះ​ស្រួច សម្បុរ​កាយ​ខ្មៅ​ស្រ​អែម ឯ​ជាតិ​ជ្វានោះ​ មាន​លក្ខ​ណៈ​រូប​រាង​ជា​មធ្យម សម្បុរកាយសជ្រះ រូបច្រើនល្អ។ ពង្សាវតារភូមាថា មន និងខ្មែរ ជាបងប្អូនផង​គ្នា​ចុះ​មក​អំពី​ឥណ្ឌា​ទាំង​ពីរ​ពួក តែ​ពួក​មន​ផ្សាយ​មក​មុន​បន្ដិច​។ ទស្សនៈរបស់ឧកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជា​ផល​ប្រ​យោជន៍​របស់​គេ​ថែម​ ទៀត​។ លោក Pierre Loti អ្នក​និពន្ធ​បារាំង​ដ៏​ល្បី​ល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d’Angkor le peuplekhmer rameau détache de la grande race aryenne(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអម្បូអារ្យ)។ ចំណែក​លោក​មុំ​សេនី​ ប្រា​មោជ មេ​ធាវី​ថៃ​អម​តុលា​ការ​អន្ដរ​ជាតិនាទីក្រុងឡាអេ (La Hye) បានលើកយកទស្សនៈបែបនេះមកធ្វើជាទល្ហីករ ដើម្បី​ប្រ​ឆាំង​នឹង​ខ្មែរ​ យើង​ក្នុង​រឿង​ក្ដី​ប្រា​សាទ​ព្រះ​វិហារ ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំ​សេនិ​ប្រា​មោជ​ បាន​និយាយ​ថា ពពួក «ខម» ជា​ជន​ពូជ​អំ​បូរ​ឥណ្ឌា។ ជនជាតិថៃមានដើមកំណើតក្នុងខេត្ដចិនយួណានបានវាយយកជ័យទៅ​លើ​ជាតិ​ខម រហូត​ ដល់​ពួក​នេះ​ត្រលប់​ទៅ​ស្រុក​ឥណ្ឌា​វិញ។ ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែក​ខ្លួន​ឯង​ជា​ពីរ​ក្រុម​។ ក្រុម​ទី១​មក​តាំង​នៅ​តំបន់​ទំនាប ដែល​គេ​អោយ​ឈ្មោះ​សព្វ​ថ្ងៃ​ថា «កម្ពុជា» ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សា​ឈ្មោះ​ថៃ​ដដែល​។
  • យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិអន្តោប្រវេសន៍ ចេញពីប្រទេសឥណ្ឌាហើយបានមកលុកលុយដណ្តើមយកទឹក​ដី​របស់​ជាតិ​ដើម​មួយ​ គឺ​ជន​ជាតិ​ក្នុង​អប្បូរមាឡាយូរ ប៉ូ​លី​នេ​ស៊ី​យែន ឬជាជនជាតិថៃកាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិឥណ្ឌាហើយស្ថិត​ក្នុង​អប្បូរ​មន ខ្មែរ​។ នេះ​ជា​ទស្សនៈរបស់​លោក Henkrik Kern លោក Sdhémard Lecléere(1) លោក Paul Benerdict លោក Pieere Gourou(2)។ ចំពោះ​ទស្សនៈ​ Pieere Gourou បាន​បញ្ជាក់​ថា ជន​ជាតិ​មន-ខ្មែរ​ប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយ​ដោយ​មាន​នៅ​សល់​ ក្រុម ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។ គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរមុណ្ឌ មាន​ទី​តាំង​ដើម​នៅ​ជើង​ភ្នំ ​ទី​បេ​ប្រទេសចិនហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម មួយក្រុម មន-ខ្មែរ ចូលមករស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀត (មុណ្ឌ) ចូល​ទៅ​រស់​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ(៣)។
  • យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន-ខ្មែរ ហើយបានកកើតឡើងនៅភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​នេះ ​តែ​ម្ដង​។ នេះ​ជា​ទស្សនៈរបស់​លោក Berard Philippe Groslier (4) និងលោក Marcel Talabot ជាដើម លោក​ទាំង​ពីរ​នេះ​យល់​ឃើញ​ថា​ ក្នុង​សម័យ​បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ដ៏​យូរ​លង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំណើរពីខាងជើងចុះមកអាស៊ីអគ្នេយ៍ ហើយ​ផ្សំ​កាត់អម្បូរ​ជា​មួយ​គ្នា​។ តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​ទាំង​ពីរអំបូរ មន-ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens) និង​ពូជ ឥណ្ឌូ​នេ​ស៊ី​យាង​ (Indonésiens) ហើយ​បាន​រស់​នៅ​លើ​ទឹក​ដី​លាត​សន្ធឹង​ពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។ បន្ទាប់ពីមានការវែកញែកលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថា យោ​បល់ និង​សម្មតិ​កម្ម​ ទាំង​នោះ ទោះ​បី​ប្លែក​គ្នា​ក៏​បាន​ស្រប​គ្នា​ត្រង់ចំនុចដែលថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះឯង។ ដូច្នេះ​ត​ទៅ​នេះ​យើង​ នឹង​ខិត​ខំ​វែក​ញែក​រក​មើល​ថា តើ​មន​ខ្មែរ​នេះជាអំបូរមួយពិសេស ឬក៏ជាជាតិឥណ្ឌាដែរ។ តាមទស្សនៈ លោកឧកញ៉ា ឈឹម ក្រសេម ឃើញថា ខ្មែរគឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌា មាន​ឈ្មោះ​ជា​ឥណ្ឌា មាន​ទំ​នៀម​ ទំលាប់ សាសនា អក្សរ ភាសា ជា​របស់​ឥណ្ឌា ហើយ​មនុស្ស​ខ្មែរដើមទៀតសោតក៏មានលក្ខណៈជាឥណ្ឌាបេះបិទ ហើយលោក​បាន​បញ្ជាក់​ថា​ ខ្មែរ​ជា​ឥណ្ឌា​ទី​២​។ ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា មនុស្សខ្មែរ និង​មនុស្ស​ឥណ្ឌា​(ទាំង​ពួក​ស​ ទាំង​ពួក​ខ្មៅ​) មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ យ៉ាងណាមិញ ខ្មែរមានកំពស់មធ្យម ១.៦១ម.និងសន្ទស្សន៍លលាដ៍​ក្បាល​៨៤.៥ (ក្បាល​មូល)​ ចំ​ណែក​ឯ​ពួក​ឥណ្ឌា-ស​(អារ្យ) មាន​កំពស់ ១.៧២ម និង សន្ទស្សន៍លលាដ៍ក្បាល៧៣.៨ (ក្បាលពយ) និងពួកឥណ្ឌាខ្មៅ​(ទ្រា​វិឌ)មាន​កំពស់ ១.៦២​ម និង​មាន​សន្ទស្សន៍ លលាដ៍​ក្បាល ៧៦.២​(ក្បាល​ពយ​ទៀត) (៥) ឯការដែលអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះ តើ​មាន​អ្វី​អាច​បញ្ជាក់​បាន​? ត្រង់​ទំនៀម​ទំលាប់​សាសនា អក្សរ​ភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្ដែការ​សិក្សា​ជីក​ដល់​ជំរៅ​បាន​បង្ហាញ​ អោយ​ឃើញ​ថា ខ្មែរ​យើង​មានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុន ដែលបានទាក់ទងជាមួយឥណ្ឌា។ បានសេចក្ដីថាខ្មែរជា​ពូជ​ដោយ​លែក​ពី​ ឥណ្ឌា នេះ​ហើយ​ជា​ទស្សនៈ​របស់ក្រុម អ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគ​អាស៊ី​អគ្នេយ៍​នេះ​តែ​ម្ដង​ ដោយ​ការ​ផ្សំ​កាត់អម្បូរ​រវាង​ពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ ១.៦៣​ក្បាល​មូល​។ គួរ​ កត់​សំគាស់​ថា​ទស្សនៈ​នេះ​មានលក្ខណស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំ អាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះ​ត្រា​តែ​មាន «នាង​នាគ»​ នៅ​ស្រុក​ខ្មែរ​នេះ​ឯង ទើប​«ព្រះថោង» (ដែល​គេ​ថា​មក​ពីស្រុកឥណ្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។ បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួន​បាន​ខ្លះ​ចូល​ក្នុង​ស្រុក​ខ្មែរ​។ និយាយ​ពី​ដើម​កំណើត​ជាតិ​ខ្មែរ​នេះ Maurice Glaizer អតីតអភិរក្សអង្គរបានសរសេរ ជាអាទិថា៖ Ce n’est nullement, comme certains le croient, un peuple d’origine puremen tindinne qui serait venu, à la suite de migrations. se fixer dans une région vide d’habitants, ou en aurait éliminé les eléménts pas des massacres ou des déportations en masse : Les peuple khmer est un peuple autochtone hindousé មិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយដែលដើមកំណើតជាឥណ្ឌាសុទ្ធសាធ ហើយដែល​បាន​មក​តាំង​នៅ​ក្នុង​តំបន់​ មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​កំចាត់​ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល ឬការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺ​ជា​អ្នក​ស្រុក​ដើម​ដែល​បាន​ទទួល​ឥទ្ធិ​ពល​អរិ​យធម៌​ឥណ្ឌា(៦)។ ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n’est pas der race hindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ខ្មែរ​មិន​មែន​មនុស្ស​ពូជ​សាសន៍​ឥណ្ឌា​ទេ : ខ្មែរ​ជា​លទ្ធ​ផល​នៃ​ការ​ផ្សំ​កាត់​ច្រើន​ជា​មួយ​ នឹង​មាលាយូ អណ្ឌូ​នេស៊ី​យាង​(៧)..។ ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅលើ​រឿង​ព្រេង​ខ្មែរ ដែល​បាន​ និទាន​ថា មាន​ស្ដេច​ចាម​មួយ​អង្គ បាននាំបរិវារ ៥០០នាក់ ជិះសំពៅកំសាន្ដតាម មហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោក​បក់​មក នាំ​អោយ​វិនាស​ សំពៅ​អស់​ទៅ ក៏​រសាត់​ទៅ​ដល់​កោះ​គោកធ្លក ហើយបានរស់នៅទីនោះតទៅ។ តាមយោបល់យើង ការដែលថា ជ្វា​ឬ​ចាម​ជា​ម្ចាស់​ដើម​នៃ​ស្រុក​ គោក​ធ្លក​ដូច​ជា មិន​ទំនង ព្រោះ​ពួក​នេះ​ជា​ចំណូលថ្មី បានជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់​ស្មាន​មើល ប្រ​ហែល​ មក​ពី​ម្ដុំ​ខ្ពង់​រាប​ខ្ពស់​វៀត​ណាម​សព្វ​ថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូនេស៊ី ព្រោះចរន្ដ0ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដី​ដំណាល​របស់​រឿង​ ព្រេង​ដដែល​ឃើញ​ថា ព្រះ​ថោង​បាន​មករៀបការជាមួយនាងនាគី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះ​ថោង​ទៅ​ទៀត​។ បើ​ដូច្នេះ ​តើ​យើង​ចាត់​ទុក​ថា នាង​នាគី​នេះ​ជា​អ្វី? ជា​សត្វ​តិរច្ឆាន​មែន ឬក៏ជាមនុស្សដើមបង្អស់នៅទីនោះ (នាងចេះកាលាខ្លួនជា​មនុស្ស​មាន​រូប​រាង​ល្អ)​ រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំណាស់ បានកកើតឡើងនៅភូមិភាគ អាស៊ីអគ្នេយ៍នេះ ហើយ​ស្ថិត​នៅ​ ក្នុង​អំ​បូរ​មនុស្ស​មួយ​ដោយ​លែក​ពី​អំបូរ​ឥណ្ឌា ហើយដែលនរវិទូលោកអោយ ឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិ​ខ្មែរ​បាន​ កើត​ឡើង​បាន​វិវត្ដ​ហើយ​មាន​ជីវិតស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរដំនែល។ ចំ​ណែក​ជន​ជាតិ​ដទៃ​ ទៀត ដែល​បាន​មក​រស់​នៅ នៅ​ភូមិ​ភាគ​អាស៊ីអគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ (លើក​លែង​តែ​ជន​ ជាតិ​ចាម​ចេញ) គឺ​ថា បាន​ចូល​មក​ក្នុង​សម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបានច្បាស់លាស់ តាមឯកសារផ្សេងៗ : ភូមា (ស.វ.ទី៩) យួន ស.វ.ទី ១០) សៀម (ស.វ.ទឺ១៣)។

Post a Comment

Previous Post Next Post