អត្ថន័យបុណ្យមាឃបូជា

 


មាឃបូជា គឺជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនាដែលរួមមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជនាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០អង្គដែលជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិតនិងសម្រាប់យកទៅ ផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា ។ គោលការណ៍ទាំង១១ប្រការនេះមានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ:

1. គោលបំណងៈ គោលបំណងរបស់របស់ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗគឺសែ្វងរកនិព្វានដែលប្រែថាសភាវៈប្រាសចាកទុក្ខមិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួនពាក្យនិព្វាននេះ មានន័យស្មើនិងពាក្យថា "សន្តិ" ដែលប្រែថា "សេចក្តីស្ងប់" ។

យើងអាចនិយាយថា គោលបំណងរបស់ព្រះពុទ្ធសាសនាគឺការបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច ។

2. គោលដៅ: សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំរបស់សកម្មភាព៣យ៉ាងគឺ:


ការមិនធ្វើអាក្រក់៖ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។

ការធ្វើអំពើល្អ៖ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ងទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។

ពង្រឺងចិត្ត៖ ដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធមិនមានសភាវៈអាក្រក់ស្ថិតនៅ។

3. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖

លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។

លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។

លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។

លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។

លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។

លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។

7. លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។

4. មេរៀនពីបុណ្យមាឃបូជា៖ ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ប្រការនេះសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ

ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។

ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមានគោលបំណងរួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និងការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។

ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍន៍ដល់ប្រទេសជាតិតែឯងនោះការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើហិង្សាដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។

ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះនឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបានដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នាដើម្បីរស់ឡើយ។

សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។ មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនាដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

@credit: https://golpages-cambodia.com/read/451

Post a Comment

Previous Post Next Post